Wednesday, September 8, 2010
វិលមិនទាន់កង់ប្រវត្តិសាស្រ្ត
តើប្រិយមិត្រធ្លាប់ឭពាក្យកង់ប្រវត្តិសាស្ត្រដែរឬទេ?ប្រសិនបើលោកអ្នកធ្លាប់ឆ្លងកាត់របប ប៉ុល ពតប្រហែលជាអស់លោកអ្នកធ្លាប់ ឭពាក្យទាំងនេះហើយ។
ដោយឆ្លងកាត់របបប៉ុល ពតក្នុងអាយុប្រហែល១០ឆ្នាំនោះខ្ញុំធ្លាប់ឭពាក្យនេះនៅពេលដែលអង្គការហៅចូលរួមប្រជុំនៅតាម សហករណ៍ឬតាមកងចល័ត(មានកងចល័តកុមារ កងចល័តពិសេស..)។ពេលនោះអង្គការបានពន្យល់ថា៖បើសមមិត្តណារត់មិនទាន់កង់ប្រវត្តិសាស្ត្រទេ កង់ប្រវត្តិសាស្ត្រនឹងកិនកំទេច ហើយបើលូកដៃ ដាច់ដៃលូកជើងដាច់ជើង...ហើយនិយាយសរុបបើសមមិត្តណាឬមិត្តណារត់មិនទាន់កង់ប្រវត្តិសាស្ត្រឬធ្វើឲ្យរាំងស្ទះដល់កង់ប្រវត្តិសាស្ត្រនោះអង្គការត្រូវតែកំទេច។ដោយឡែកកាលណោះខ្ញុំមិនបានយល់អត្ថន័យនៃពាក្យ កង់ប្រវត្តិសាស្ត្រទេ ចេះតែស្រែកតាមអង្គការ ៖ជយោ!អង្គការ មហាលោតផ្លោះ មហាអស្ចារ្យជយោ!ៗៗៗៗៗជយោ។ដោយនៅក្មេងនោះខ្ញុំខិតខំគោរពអង្គការណាស់មិនទាំងហ៊ានលួចឬធ្វើអ្វីដែលផ្ដេសផ្ដាសទេគឺខិតខំតែធ្វើការឲ្យអង្គការទាំងយប់ទាំងថ្ងៃតែនៅតែទេវតាមើលមិនឃើញទៀត ឪពុកត្រូវរត់គេចខ្លួនដោយខ្លាចអង្គការសម្លាប់ ឯម្ដាយនិង ប្អូន ស្រី២នាក់ត្រូវឈឺស្លាប់។នៅពេលដែលម្ដាយនិងប្អូនស្រីស្លាប់នោះ ប្រជាជនដែលនៅជិតខាងនោះគេបាននិយាយថា៖ឯងកាត់ចិត្តទៅគេទាំងបីនាក់រួចទុក្ខទោសហើយ អស់កម្មពារនឹងមនុស្សលោកហើយគេបានសុខហើយ.....។អីចឹងខ្ញុំដែលនៅរស់គឺជាអ្នកមានកម្មហើយ....សាធុ។ ក្រោយពីរបប ប៉ុល ពតរលាយខ្ញុំបានរកឃើញមីងមាអ៊ំ បងប្អូនហើយបានចូលរៀនរហូតចប់ទុតិយភូមិនៅឆ្នាំ១៩៨៧រហូតបានធ្វើជាមន្រ្តីរាជការរហូតដល់សព្វថ្ងៃនេះ។បកទៅរបបប៉ុលពតវិញកាលណោះខ្ញុំរៀនបានត្រឹមថ្នាក់ទី១០ពីសង្គមចាស់(ប្រហែលថ្នាក់ទី៣បច្ចុប្បន្ន)ខ្ញុំបែរជារត់ តាមទាន់កង់ប្រវត្តិសាស្រ្តរបស់ប៉ុល ពត តែបច្ចុប្បន្នរៀនរហូតបានបរិញ្ញាបត្របែរជាខ្ញុំរត់មិនទាន់កង់ប្រវត្តិសាស្ត្រនៅពេលដែលបំរើការងារឲ្យរាជការទៅវិញដូច្នេះអង្គការត្រូវតែកំទេច ពេលនោះសម្លេងត្បូងចបលាន់ឭផូងចំកញ្ចឹងកខ្ញុំ ខ្ញុំភ្ញាក់ព្រឺតងើបស្ទុះអង្គុយទើបដឹងថា៖ខ្ញុំទើបតែងើបពីយល់សប្តិសោះ។ក្រោយពីងើបពីយល់សប្តិនោះទើបខ្ញុំគិតថា៖អូ!កង់ប្រវត្តិសាស្រ្តអីចឹងសោះបើកន្លែងការងារយើងរត់មិនទាន់គេហើយកង់ប្រវត្តិសាស្ត្រនឹងកិនយើងហើយដូច្នេះខ្ញុំខិតខំប្រើពាក្យកង់ប្រវត្តិសាស្រ្តតទៅទៀតដើម្បីចងកំហឹងនឹងប៉ុលពតទោះបីជាកាត់ទោសហើយក្តី។
Labels:
កំណត់ហេតុផ្ទាល់ខ្លួន
0 comments:
Post a Comment
សូមផ្ញើចម្ងល់នៅទីនេះ សូមស្វាគមន៍
Other Recommended Posts: